Friday, July 8, 2016

Rice in Cambodia



       ស្រូវមានតួនាទីយ៉ាងសំខាន់  ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិត  សម្រាប់ប្រជាពលរដ្ឋប្រមាណជិតពាក់កណ្ដាលនៅក្នុងពិភពលោក  ស្ទើរទាំងស្រុងនៅទ្វីបអាស៊ី និងជាអាហារចម្បង និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា  សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្រូវអង្ករ ឬបាយគឺជាប្រភពផ្ដល់ថាមពលរហូតដល់ប្រមាណពី៦០ ទៅ ៧០ ភាគរយនៃបរមាណកាឡូរីចាំបាច់។  នាឆ្នាំ ២០០៤ តម្រូវការអង្ករប្រចាំឆ្នាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានចំនួនប្រមាណ ១៤៣ គីឡូកា្រម ដែលនេះជាបរិមាណច្រើនជាងគេលេខបី បន្ទាប់ពីប្រទេសភូមា និងឡាវ។
  សម្រាប់ប្រទេសកម្ពុជា ស្រូវគឺជាដំណាំមួយដ៏សំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយដំណាំនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ច វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ជាតិសាន៍យើងតាំងតែពីអតីតកាលដ៏យូរលង់ណាស់មកហើយ។ ភស្តុតាងជាច្រើនបានបញ្ជាក់ថា ទាំងនាពេលបច្ចុប្បន្ន និងទាំងនាពេលអតីតកាល ស្រូវគឺជាដំណាំសេដ្ឋកិច្ចរបស់ជាតិ។  ជាក់ស្ដែងនាសម័យអង្គរ អាស្រ័យដោយមានការចូលរួមចំណែកដ៏ចំបង និងសំខាន់ពីដំណាំស្រូវ ប្រទេសកម្ពុជានាសម័យនោះបានឈានដល់យុគ្គមាស និងជាអាណាចក្រដ៏ខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍។  អាងបារាយណ៍ទឹកថ្លា ដែលជាសំណង់វិស្វកម្មធារាសាស្ត្រដ៏ធំសំបើមមួយ នៅខេត្ត​សៀមរាប និងដែលត្រូវបានស្ថាបនារួចរាល់នៅក្នុងរវាងសតវត្សទី ១១ ក៏ជាសក្ខីភាពបញ្ចាក់អំពីគម្រោងការ និងភាពច្នៃប្រឌិតដ៏រស់រវើករបស់បុព្វបុរសខ្មែរ ដែលបានយល់ច្បាស់អំពីសារសំខាន់ និងឥទ្ធិពលនៃដំណាំស្រូវទៅលើសេដ្ឋកិច្ចជាតិហើយបានប្រឹងប្រែងយ៉ាងប៉ិនប្រសប់ និងជោគជ័យក្នុងការជម្រុញដល់ការបង្កើនផលិតកម្មដំណាំស្រូវតាមរយៈការដោះស្រាយបញ្ហាទឹកជាមូលដ្ឋាន។ឥទ្ធិពលនៃដំណាំស្រូវនៅក្នុងសង្គមខ្មែរ បានឆ្លុះបញ្ជាំងផងដែរនៅក្នុងកម្រងអត្ថបទអក្សរសិល្ប៍ជាតិ  តាមរយៈរឿងព្រេង រឿងជាតក ឬក៏រឿងប្រលោមលោកនានា  ដែលស្ទើរគ្រប់អត្ថបទទាំងអស់  គឺបានបរិយាយអំពីបញ្ហាពិតក្នុងសង្គមខ្មែរ  អំពីទំនាក់ទំនងនៃសាច់រឿងទៅនឹងដំណាំស្រូវក៏ដូចជាបង្ហាញពីផលប្រយោជន៍  នៃដំណាំស្រូវទៅលើជីវភាពរស់នៅរបស់ប្រជាពល​​រដ្ឋខ្មែរ  តាំងពីបុរាណកាលមកទល់់នឹងពេលបច្ចុប្បន្ន។  ជាឧទាហរណ៍រឿទុំទាវដែលរៀបរៀងដោយព្រះបទុមត្ថេរសោម នា គ.ស ១៩១៥ ត្រូវនឹង ព.ស ២៤៥៨ ក៏បានបង្ហាញផងដែរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរទាំងគ្រហស្ថ ទាំងសង្ឃ ទាក់ទងទៅនឹងការងារដាំដុះដំណាំស្រូវ  និងការធ្វើសម្ភារៈសម្រាប់ទុកដាក់ផលស្រូវនៅរដូវច្រូតកាត់  ដូចជាការធ្វើតោកលក់របស់នេនទុំ  និងនេនពេជនៅស្រុកត្បូងឃ្មុំ  ខេត្តកំពង់ចាមជាដើម  នៅក្នុងរឿងផ្កាស្រពោនដែលបាននិពន្ធដោយលោក នូ ហាច នា គ.១៩៦០ ត្រូវនឹង ព.ស ២៤៩០ ក៏បានបង្ហាញផងដែរអំពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផងដែរអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទីនោះនិងភាពចាំបាច់នៃការធ្វើស្រែចំការ ដូចជាការធ្វើស្រែប្រាំងនៅព្រៃលិចទឹកក្បែរបឹងទន្លេសាប និងការជួញដូរស្រូវពីប្រទេសកម្ពុជា  ទៅប្រទេសជិតខាង។ល។  នៅក្នុងច្បាប់ទូន្មានផ្សេងៗដែលបានចងក្រងដោយកវីនិពន្ធខ្មែរក៏តែងបានផ្សារភ្ជាប់កំណាព្យឃ្លោងរបស់លោកទៅនឹងដំណាំស្រូវដែ  ជាក់ស្ដែងកថាខណ្ឌមួយនៅក្នុងច្បាប់ល្បើកថ្មី  ដែលជាស្នាដៃលោកភិរម្យភាសាង៉ុយឬក្រមង៉ុយបានលើកឡើងថា​ “ កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវកុំតាមអ្នកណា​ ​បាតាមតែឪ លើកភ្លឺជិតផ្លូវកុំស្រាស់បន្លា
 ក្រៅពីភស្តុតាងដែលមានលក្ខណៈជារូបវ័ន្តទាំងនេះពាក្យសុភាសិត​​​​​​ ឬពាក្យទំនៀមជាច្រើនក៏បាន​​ឆ្លុះបញ្ជាំងពីសារៈប្រយោជន៍នៃដំណាំស្រូវមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរផងដែរ  ប្រជាពលរដ្ឋខ្មែរតែងចាត់ទុកថាស្រូវ ឬអង្ករគឺជារបស់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានហើយក៏ជាវត្ថុជាទីគោរពសក្ការៈសម្រាប់មនុស្សគ្រប់រូបផងដែរ  ស្រូវ គឹជារុក្ខជាតិដ៏មានសារសំខាន់បំផុតនិងមិនអាចខ្វះបានសម្រាប់ជាអាហារដល់មនុស្សទូទៅ។

No comments:

Post a Comment