Monday, August 1, 2016

ពិធីចេញ និង ចូលម្លប់



I. ប្រវត្តិនៃការចូលម្លប់
ប្រពៃណីចូលម្លប់កូនស្រីមានប្រភពទាក់ទងទៅនឹងរឿងព្រេងស្ដីពីមហាចោរនិង កូនស្រីនៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ៩ រហូតមកទល់បច្ចុប្បន្នយើងពុំដែលឃើញមានឯកសារច្បាស់លាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមអនុវត្តពិធីចូលម្លប់នេះឡើយ អ្វីដែលយើងដឹងគឺតាមរយះរឿងទុំទាវ ក្នុងស.វទី១៦ ដែលបានចែងច្បាស់ពីការចូលម្លប់របស់នាងទាវ ដែលជាតំនាងនារីក្នុងគ្រួសារធូរធារមួយនាសម័យនោះ ដូចនេះយើងសន្និដ្ឋានថា ការចូលម្លប់នេះប្រាកដជាខ្មែរយើងបានអនុវត្តតាំងពីយូរលង់ណាស់មកហើយ ពិធីនេះត្រូវបានខ្មែរយើងបោះបង់ចោលនៅចុងរាជព្រះបាទស៊ីសុវត្តិមុនីវង្សគឺប្រហែលរវាងគ.ស១៩៣០ ដល់ ១៩៤០
តែទោះបីយ៉ាងនេះក្ដីតាមរយះការចងចាំតៗគ្នានៃព្រឹទ្ធិចារ្យយើង ពិធីនេះក៏នៅតែដិតជាប់ក្នុងអារម្មណ៍ខ្មែរយើងនៅឡើយ ទោះបីមិនបានគ្រប់ជ្រុងជ្រោយក៏ដោយ ខាងក្រោមនេះគឺជារឿងព្រេងស្ដីពីមហាចោរ និងកូនស្រី មានរឿងដំណាលថាកាលនោះមានមហាចោរម្នាក់ពុំមានភរិយាបានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្តាច់នៅក្នុងព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យមាន មាស ប្រាក់ សំពត់ អាវសាវសែ្បកជាដើមដែលខ្លួនទៅលួចប្លន់គេបានពីទីផេ្សងៗមក ។ មហាចោរនោះលុះកាលក្រោយមក ក៏រំពឹងគិតថា៖ "អាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹងដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិត​សព្វ​គ្រប់​ទៅ​ការខំប្រឹងរបស់អញនេះ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថាបើកាលណាអាត្មាអញស្លាប់ទៅទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់អសារឥតការគួរឲ្យស្តាយបើមានកូនប្រពន្ធគ្រាន់និងស៊ីមរតកនោះទៅរ៉ាអាត្មាអញនិងមិនសូវជាស្តាយពេក" ។ គិត​ហើយ​មហា​ចោរ​ក៏​ដើរ​ទៅ​ក្រវែល​ភូមិ​អ្នក​ស្រុក​ រំពៃ​គយគន់មើលកេ្មងស្រី-ប្រុស ដែលនាំគ្នា លេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ ។ លុះគយគន់ទៅឃើញនាងតូច​មួយ​​នោះ មានរូបឆោមស្អាតសមរម្យ មាន​សាច់​ឈាម​ថ្លា ថៃ្លថ្នូរ គួរឲ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏ បញ្ឆោត​នាំ​យក​ទៅ​ដល់​ផ្ទះ​របស់ខ្លួន។ ដោយ​ខ្លាច​កូន​កេ្មង​នោះ​លួច​រត់​ទៅ​រកម៉ែឪវាវិញ ព្រមទាំងការពារ កុំឲ្យម្តាយឪពុកវាតាមទៅរកឃើញមហា​ចោរ​ក៏​យក​កេ្មង​នោះ​ទៅ​លាក់​ទុក​ក្នុងបន្ទប់ចាក់សោយ៉ាងខ្ជាប់ខ្ជួន។ រាល់ពេលបាយឬពេលបានចំណីអាហារឆ្ងាញ់មក មហាចោរតែងហុចតាមបង្អួចមួយតូចទៅឲ្យនាងបរិភោគ។ កេ្មងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចំរើនសាច់ឈាមរាល់ថៃ្ងជាលំដាប់ ។ លុះនាងពេញវ័យក្រមុំ ការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្តាលឲ្យនាងមានជំងឺស្គមស្គាំងសេ្លកស្លាំង។ មហាចោរភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនិងដូនចាស់ម្នាក់ធ្លាប់ធ្វើឆ្មបក៏និយាយអង្វរសុំអញ្ជើញដូនចាស់នោះឲ្យមកជួយមើលកូនខ្លួន។
យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ក៏ប្រាប់នាងថា៖ "ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយដែលធ្វើឲ្យនាងចេះតែរសាប់រសល់ ចុកខ្នង ចុកចងេ្កះ ល្អិតលៃ្អ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ ! ចាំ​យាយ​ផ្សំ​ថ្នាំ​សង្កូវ​ឲ្យ​នាងញ៉ាំឲ្យបានធូរស្រាលឆាប់រហ័ស ។ ថាហើយយាយម៉បក៏ទៅរកស្ទោះសំបក ឈើមកផ្សំថាំ ដាំឲ្យនាងនោះអាស្រ័យ ហើយផ្តាំថា ៖ "ចៅអើយ! ចៅ​យក​ថ្នាំ​នេះ​ទៅហាលថៃ្ងឲ្យស្ងួត ហើយរកថូ ឬ ឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថាជិតដល់រដូវកាលហើយចូរនាង​យក​មួយ​កញ្ចប់​មក​ដាំ​ញ៉ាំ​4-5​ថៃ្ង​ទៅ នោះ​នាង​នឹង​បាន​ធូរស្រាលក្នុងខ្លួន ដូចបំណងហើយសាច់ឈាមពណ៌‌សម្បុររបស់នាងក៏រិតតែល្អឡើងដែរ" ។ លុះកូនស្រីមហាចោរផឹកថ្នាំបានធូរស្រាលស្បើយរោគហើយយាយម៉បក៏ចូលទៅសំពះសុំលាមហាចោរត្រលប់ទៅមើលផ្ទះសំបែងវិញ ។ មហា​ចោរ​បាន​យក​មាស​ប្រាក់​ជូនជាទ្រនឹបរង្វាន់យាយម៉បហើយជូនត្រឡប់ដល់ផ្ទះវិញ។ ពេល​រៀបចេញដំណើរពីផ្ទះមហាចោរទៅយាយម៉បនឹកក្នុងចិត្តថា ៖ "កនែ្លងមហាចោរនេះឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់ឯ​ព្រៃ​ទៀត​សោត​ក៏​ញឹក​ស្ងាត់​ជ្រងំគួរឲ្យខ្លាចប្រសិនបើអញត្រូវការចង់មករកទីនេះវិញធ្វើមេ្តចនិងរកផ្លូវមកឃើញ!" ។ នឹកសព្វគ្រប់ហើយគាត់ក៏រកបានគ្រាប់ឪឡឹកមួយបង្វិចយក​មក​តាម​ខ្លួនដើរបណ្តើរចាប់គ្រាប់ឪឡឹករោយបណ្តើររហូតមកដល់ផ្ទះគាត់ ។ តទៅ​នេះនិងថែ្លងចាប់សារដើមបន្តិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំកូនចោរនោះមកគាត់តែងតែសងេ្កតមើលឫកពារ និង​រូប​ឆោម​កូន​នោះ​ឃើញ​ល្អ ក៏ចេះតែគួចចិត្តទុក និងសម្លឹងរកកម្លោះរូបណាមួយឲ្យសមគ្នានិងនាង ។ ថៃ្ងមួយអាស្រ័យបច្ច័យហេតុផលពីបុពេ្វបណ្តាលចិត្តមាណពម្នាក់ដែលត្រលប់ពីរៀនវិជ្ជាការឲ្យចង់ចូលទៅសុំសំរាកនៅផ្ទះយាយម៉បនោះសិន ត្បិត​ថៃ្ង​កាន់​តែជ្រេកម្លាំងក៏អស់ ហេវបាយផ្លូវទៅមុខក៏ឆ្ងាយក្រែងយប់កណ្តាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសម្រាកមួយយប់ ។ ដូនចាស់កំពុងតែរៀបចំ និង​ដាំ​បាយ​បរិភោគជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្តសប្បុរសទទួលឲ្យនៅហើយដាំបាយបណ្តើរសំណេះ​សំណាល់​សួរ​អំពី​ពូជ​ពង្ស​បណ្តើរ ។ លុះ​​អាស្រ័យ​បាយ​រួច និង​ទុកដាក់ចានក្បានស្រេចយាយម៉បដែលចេះតែលបសងេ្កតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្អើបសំណួរថា ៖ ​"ចៅអើយ ! ពីកាលដែលចៅលាឪពុកម្តាយមកសែ្វងរកតំរិះវិជ្ជានេះ តើឪពុកម្តាយចៅមានស្តីដណ្តឹងកូនចៅអ្នកណាទុកឲ្យចៅហើយឬនៅ?"។ ចៅមាណពតបថា ៖ "មិនទាន់មាននៅឡើយទេ! " ហើយបន្តសម្តីថា "ខ្ញុំនឹកថាប្រសិនបើនៅពេលដែលខ្ញុំធ្វើដំណើរកាត់ស្រុកភូមិគេនេះបាន​ជួប​ស្រី​ណា​មួយ​មាន​លក្ខណៈ​សម្បត្តិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើប្រពន្ធហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណាដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះដែរឬទេ?" ។ ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះមិនឃើញមានស្រ្តីណាម្នាក់ដែលសក្តិសម និងចៅទេ ប៉ុនែ្តជីដូនធ្លាប់បានឃើញស្រ្តីម្នាក់ដែរនាងនោះជាកូនមហាចោរនៅក្នុងព្រៃដាច់ស្រយាលឯណោះ ។ យាយម៉បក៏និយាយរាប់រៀបអំពីដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសងេ្កតឃើញឫកពារសមរម្យ ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាងក៏អង្វរឲ្យយាយជូនទៅ ។ ទេចៅ (យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតា ចិត្តមហាចោរតែដល់មានការអ្វីស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ! ។ យាយចាស់ហើយ តែយាយនៅចង់រស់នៅឡើយ ។ ចូរចៅជឿជាក់ថាយាយចង់ឲ្យចៅនិងនាងនោះបាន​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់ ព្រោះតាំងតែពីកាលយាយបានឃើញនាងមកទោះពេលយាយចេញដើរទៅផ្សារទៅកាន់ភូមិនានា ទៅសង្រ្គោះគេក្តីយាយ​តែង​តែ​គយ​គន់​សម្លឹង​មើល​រាល់​ថៃ្ង តែមិនប្រទះឃើញបុរសកម្លោះណាម្នាក់ឲ្យសមល្មមនិងចិត្តយាយសោះ ទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយចៅគេងឲ្យស្រួលទៅព្រឹកសែ្អកចាំចៅចេញដំណើរទៅរកនាង ។ នៅពេលយប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ដោយបែ្លកកនែ្លងផង ទនឹ្ទងឲ្យតែភ្លឺឆាប់ផង ណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនិងមហាចោរ លុះយប់យន់ទើបបុរសគេងលង់លក់ទៅ ។ ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉បក្រោកដាំបាយ រកម្អូបកៀ្រមក្រោះ ទឹកបំពង់ ទុកបំរុងជាស្បៀងឲ្យមាណពធ្វើដំណើរ លុះមាណពក្រោកឡើងហើយយាយក៏ឲ្យស្រស់ស្រូបរួចប្រគល់កញ្ចប់អាហារ សំរាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឲ្យចៅមាណពធ្វើដំណើរចេញទៅ ។ នែចៅ! (យាយម៉បប្រាប់) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ ! ចៅនិងបានទៅដល់ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា ! ចៅទៅចុះ ! សូមឲ្យបានសេចក្តីសុខ ឲ្យបានសំរេចដូចសេចក្តីប្រាថ្នា បើមានសត្រូវមកពីមុខឲ្យរំលងបើមកពីខ្នងឲ្យរលាយណាចៅណា ។ មាណព​​ក្រាបប្រណិប័តន៍លាលោកយាយហើយកចេញដំណើរទៅ ថៃ្ងជ្រេបន្តិចទើបទៅដល់សំណាក់មហាចោរគាប់ជួនពេលនោះមហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីឲ្យនៅចាំផ្ទះតែម្នាក់ឯងនាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសមែ្បងតាមទំលាប់ពុំមានគិតក្រែងអ្វី ឡើយ ឯចៅមាណពនោះទៅលបគយគន់ឃើញសព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯងក៏ប្រថុយស្រែកហៅ នាងឮសូរមាត់មនុស្សចំលែកនឹកភ័យណាស់គិតថា "តើអ្នកណា ! ហ៊ានចូលមកដល់ទីនេះ?" ។ ប៉ុនែ្តនាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឫកពាសុភាពរាបសារល្អមិនគួរឲ្យខ្លាចនាងក៏បើកទ្វារហៅឲ្យបុរសនោះចូល ហើយ​និយាយ​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មកមិនត្រឹមតែប៉ុណ្ណោះក៏ទទួលរាក់ទាក់សំណេះសំណាលតាមផ្លូវលោកីយ៍ ដោយសុខចិត្តសុខកាយលើកជាស្វាមីហើយនាំយកទៅលាក់មិន​ឲ្យ​មហា​ចោរ​ជាឪពុកដឹងឡើយ ។ ប៉ុនែ្តក្នុងកាលជាបន្ទាប់មក មហាចោរសងេ្កតឃើញឫកពាកូនស្រីរបស់ខ្លួន​បែ្លកពីធម្មតាគឺ ឃើញនាងតែងខ្លួនជានិច្ចកាលធ្វើការងារសព្វសារពើក្នុងផ្ទះដោយមិនបាច់ឪពុកតឿនឡើយដូចជាចង់ផ្គាប់ផ្គន់មនុស្សណាម្នាក់ដែលជាទីពេញចិត្ត មហាចោរនឹកសង្ស័យថា៖"នាងនេះច្បាស់ជាមានប្រុសសហាយហើយ!" ។ ក៏នឹកតូចចិត្តនិងកូនស្រី ឮលាយនិងសេចក្តីខ្មាសអៀនអាសហាយនាងនោះផងក៏ដើរចោលទីកនែ្លងនោះទៅ ។ ឯទាំងពីរអ្នកប្តីប្រពន្ធនៅក្នុងព្រៃយូរបន្តិចទៅមិនឃើញមហាចោរនោះត្រលប់មកវិញក៏នាំគ្នាចុះមករកភូមិស្រុកនិងគេលុះមកដល់ភូមិស្រុកហើយក៏ចូលទៅអរគុណនិងយាយម៉បព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផងយាយម៉បមានចិត្តត្រេកអរណាស់ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយថែ្លងបូរបាច់ប្រាប់គេថា ៖​ "នាងនេះមានរូបឆោមលោមពណ៌‌សាច់ជិតល្អមកអំពីគេនៅតែក្នុងម្លប់ដល់ចេញពីម្លប់ក៏មានប្តីតែម្តង" ។ អ្នកស្រុកឃើញដូច្នោះក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅឃាំងក្នុងម្លប់ដើម្បីឲ្យបានល្អដូចគេក៏ជាប់ជាទំនៀមរហូតមក។
II.    ពិធីចូលម្លប់
គេ​បញ្ចូល​ម្លប់​កូនស្រី​មិន​មើល​ពេលវេលា​ទេគឺ ​សម្រេច​យក​ថ្ងៃ​ណា​មួយដែល​នាង​មក​រដូវ​ជា​លើកទីមួយ ។ ចំណែក​ពិធី​ក៏​មិន​មាន​រៀបចំ​អ្វី​ធំដុំ​ទេគឺ​ គ្រាន់តែ​ឲ្យ​ឪពុក​ម្តាយ​នាង​ជម្រាប​ដល់​សាច់ញាតិ​ជិតដិតឲ្យបាន​ដឹងថា​កូនស្រី​ឈ្មោះ​នេះ​បាន​បញ្ចូល​ម្លប់​នៅថ្ងៃនេះថ្ងៃ​នោះ​ហើយ។​
             ​នៅ​ថ្ងៃ​បញ្ចូល​គេ​រៀបចំ​សែនព្រេន​អុជ​ធូប​ទៀន​ជម្រាប​ដូនតា និង​ប្រកាស​ចំពោះ​វត្ថុ​ស័ក្តិសិទ្ធិ​ឲ្យបាន​ដឹង​ឮអំពី​ការចូល​ម្លប់​របស់​កូនស្រី និង​សុំ​សេចក្តីសុខ​សប្បាយ ។ ប្រការ​សំខាន់​ត្រូវ​គិតគូរ​ពី​អ្នក​ជួយ​បម្រើ​សេចក្តីត្រូវការ​របស់​នា​ង និង​ជួយ​បណ្តុះបណ្តាល​នាង ។ សំខាន់​មួយទៀត​ត្រូវ​ត្រៀម​លក្ខណៈ​សម្រាប់​ថ្ងៃ​បញ្ចេញ​ម្លប់ដោយ​មាន​បម្រុង​គ្រឿង​ហូបចុកសម្រាប់​លៀងភ្ញៀវ​ដែល​ត្រូវ​មក​ចូលរួម​ពិធី ។ ​ការត្រៀម​លក្ខណៈ​នេះស្រុក​ខ្លះ​គេ​ដាំ​ចេកណាំវ៉ា​ជា​និមិត្តរូប គឺ​ប្រារព្ធ​ពិធី​បញ្ចេញ​ម្លប់​នៅពេល​ផ្លែ​ចេកទុំ​ ខ្លះទៀត​គេ​ចិញ្ចិម​មាន់ ទា​ជាដើម​ទៅតាម​លទ្ធភាព​ក្នុង​គ្រួសារ ។ ពេលវេលា​នៃ​ការចូល​ម្លប់​មិនមាន​កំណត់​ទេ គឺ​យោង​ទៅតាម​ធនធាន​នៃ​គ្រួសារ អ្នក​ខ្លះ​ចូល​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ខ្លះ​ទៀត​រហូតដល់​មួយ​ឆ្នាំ​ក៏មានដែរ ។ ចំពោះលក្ខណៈសម្បត្តិក្នុងការចូលម្លប់នារីត្រូវ ៖
v   ជាកូនស្រីច្បងក្នុងគ្រួសារ បើគ្រួសារធូរធារកូនស្រីទាំងអស់អាចចូលម្លប់បានដូចគ្នា
v   ឈានចូលដល់វ័យពេញក្រមុំ មានរដូវលើកដំបូង
v   មានទ្រព្យសម្បត្តិអាចទប់ទល់នឹងការលំបាកផ្សេងៗក្នុងរយៈពេលចូលម្លប់ ។
v   ជាគ្រួសារដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ ។
ចំពោះរយ:ពេលចូលម្លប់នេះតាមមតិឯកភាពគ្នាជាទូទៅគឺកំណត់ពី ៣ ខែទៅ ៦​ ខែ​ហើយជួនកាលទៀតគ្រួសារខ្លះអូសបន្លាយរយ:ពេលចូលម្លប់អោយយូរជាងនេះទៅទៀតតាមលទ្ធភាពនិងធនធានរបស់ខ្លួន ដើម្បីបញ្ហាញលក្ខណពិសេសចំពោះញាតិអ្នកស្រុក ។
2.1  កាតព្វកិច្ចនារីពេលចូលម្លប់
ពេល​ចូល​ម្លប់ គឺជា​ពេល​ដែល​កូនស្រី​ខ្មែរ​ត្រូវ​ទទួល​ការសិក្សា​ពី​ក្បួនច្បាប់​ទូន្មាន​ ល្អៗ ជាពិសេស​ច្បាប់​ទូន្មាន​ស្រី ។ ច្បាប់​នេះ​ចែង​ពី​តួនាទី​របស់​ស្រី​ក្នុង​ការរស់នៅ ។ ច្បាប់ចែងថាសេចក្តីសុខ និង​សុភមង្គល​ក្នុង​គ្រួសារ​មួយ​ភាគ​ធំ​ស្ថិតនៅលើ​ស្រី​ជា​អ្នក​កំណត់ ។ ដូច្នេះ​គេ​ត្រូវ​ឲ្យ​នាង​ទន្ទេញ​ចាំ​ស្ទាត់ដើម្បី​ទុក​អនុវត្ត​តាម​លំ​អាន​ដែល​ក្បួន​បាន​ចែង ។ ក្រៅ​ពី​ការសិក្សា​ក្បួនច្បាប់​ ការស្លៀកពាក់ត្រូវស្លៀកសំពត់ និងពាក់អាវវែងជានិច្ច មួយវិញទៀតនាង​ត្រូវ​រៀន​ធម៌ ។ ប្រសិនបើ​សុខភាព​នាង​ធានា​ត្រូវ​កាន់សីល១០ ដើម្បី​កាន់​ចិត្ត​អំណត់ខន្តី​ដូច​ដូនជី​ដែរ ។ ក្នុង​ជីវភាព​ដូនជី​នាង​ត្រូវ​ហូបចុក​ម្ហូប​បួស ហើយ​កំណត់ពេល​ម៉ោង​ដូច​ព្រះសង្ឃ​ដែរ ។ នាង​មាន​តំណម​លើស​ដូនជី ដោយ​មិន​ត្រឹមតែ​មិន​ឲ្យ​ប្រុសៗ​ឃើញ​ប៉ុណ្ណោះ​ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឆ្លើយឆ្លង​រក​ប្រុស​ទៀត ។ នាង​ត្រូវ​តស៊ូ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​ត្រង​ស្តាប់​នូវ​វិជ្ជា​មេផ្ទះស្តី​ពី​ការរស់នៅ​ក្នុង​គ្រួសារចំពោះ​សាច់ញាតិ​ផ្ទាល់ឬ​ញាតិ​ជិតខាងពិសេស​អាកប្បកិរិយា​ចំពោះ​ប្តី ។ ជាមួយគ្នា​នោះ​ក៏​ត្រូវ​រៀន​វិជ្ជា​ធ្វើ​ម្ហូប វិជ្ជា​តម្បាញ ការរៀបចំ​ផ្ទះសម្បែង និង​ការអប់រំ​កូនចៅ​ជាដើម ។ ភារកិច្ច​ម្យ៉ាងទៀត​ត្រូវ​ថែទាំ​សាច់ដោយ​ត្រូវ​លា​បរមៀត​សព្វ​ខ្លួនប្រាណដៃជើង​ឲ្យមាន​សម្បុរលឿង​ស្រស់​ផូរផង់ ។
2.2  តំណមពេលចូលម្លប់
ពេលចូលម្លប់នេះទាមទារអោយនារីចូលម្លប់មានអំត់ តស៊ូ ព្យាយាម អត់ធ្មត់គោរពអោយបាន​នូវលក្ខខណ្ឌចាំបាច់ថ្មីៗជាច្រើនដែលនាងមិនដែលធ្លាប់ជួបប្រទះនៅពេលមុនចូលម្លប់ ។ លក្ខខណ្ឌនេះហៅថាតំណម ។ ​តាមទំនៀមទម្លាប់លក្ខខណ្ឌដ៏តឹងរ៉ឹងនោះមាន៖
 -បង្ខាំងនារីអោយនៅក្នុងបន្ទុបពិសេស ឬនៅតែក្នុងផ្ទះ ។
-ហាមនារីមិនអោយចេញក្រៅផ្ទះនៅ​ពេលថ្ងៃតែនៅពេលយប់អាចអនុញ្ញាតអោយចេញក្រៅផ្ទះឬចុះដីងូតទឹកបត់ជើងតូចធំបាន ។
-មិនអោយនិយាយជាមួយបុរស ។
-មិនអោយហូបសាច់ ឬត្រី ។ ម្ហូបដែលគេអនុញ្ញាតគឺអំបិលបុកលាយល្ង ឬសណ្តែកដី បនែ្ល ចំអិនដោយគ្មានប្រើខ្លាញ់​ ឬសាច់ ដែលយើងតែងតែហៅថាបាយបួស ។
-ហាមកាន់ដែកគ្រប់ប្រភេទ ។
-ហាមធ្វើការងារសព្វសារពើ (ទាំងធ្ងន់ ទាំងស្រាលប្រចាំថ្ងៃ)
v  គួរកត់សំគាល់ថា នៅតំបន់ខ្លះ គេអនុញ្ញាតអោយនារីហូបបាយតែមួយពេល​ដូច​ព្រះសង្ឃដែរ ។
III. គោលបំណងនៃការចូលម្លប់
នៅក្នុងសង្គមខ្មែរបុរាណ ទោះជាពិធីចូលម្លប់នេះមានការលំបាកស្មុគសា្មញនិងចំណាយធនធានច្រើនក៏ដោយ ក៏បុព្វបុរសយើងទោះជាមានក្តី ក្រក្តី បានខិតខំអស់ពីលទ្ធភាព បំពេញភារកិច្ចនេះដើម្បី ប្តូរយកគុណធម៌ពិសេសៗអោយកូនស្រី ។
ពិធីនេះធើ្វឡើងក្នុងបំណង ៤ យ៉ាង៖
       ប្រកាសភាពពេញក្រមុំអោយកូនស្រី
       បន្ទុំសំបុរនិងអប់រំរូបរាងកាយអោយកូនស្រី
       បំពេញលក្ខណចរិយាវិជ្ជាមេផ្ទះ និងវិជ្ជាជីវអោយកូនស្រី
       ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយះរូបចរិយា និងវិជ្ជា
      ក. ប្រកាសភាពពេញក្រមុំអោយកូនស្រី
ការចូលម្លប់នេះ គឺជាការប្រកាសភាពពេញក្រមុំអោយកូនស្រី ដើម្បីឲ្យញាតិមិត្តជិតឆ្ងាយបានដឹងលឺ ។ នេះគឺដំណឹងប្រកាសចំហបា្រប់អ្នកផងថា អាចចូលមកស្តីដណ្តឹងកូនស្រីនេះបានហើយ ។
      ខ. បន្ទុំសំបុរ និងអប់រំរូបរាងកាយអោយកូនស្រី
ការអប់រំរូបរាងកាយនេះ គឺជាបំណងប្រាថា្នចាំបាច់របស់ឪពុកមា្តយដែលចង់អោយកូនស្រីខ្លួនមាន សំបុរផូរផង់រលើបរលោង និងមានកាយវិការទន់ភ្លន់ ។ ហេតុនេះហើយទើបគាត់ធើ្វការងារក្រៅគ្រប់បែបយ៉ាងជំនួសកូនស្រីអោយនាងរស់នៅក្នុងម្លប់ធើ្វការងារស្រាលៗ ។ ពេលមុនចូលម្លប់នារីប្រឡូកការងារហាលថ្ងៃកៅ្ត ហាលភ្លៀងជាមួយឪពុកម្តាយ សំបុរស្បែកគគ្រើមសក់ក្រញេសក្រញាស ដៃជើងកខ្វក់ រូបកាយរឹងកំព្រឹសគ្មានភាពទន់ភ្លន់ ហើយពុំបានគិតគូរតុបតែងខ្លួនបា្រណអោយបានល្អផូរផង់នោះទេ ។ ក្នុងរយ:ពេលពី ៣ ទៅ ៦ ខែ ដែលស្រីក្រមុំរស់នៅក្នុងម្លប់ ហូបចុកស្រួល មិននឿយហត់ក្នុងការងារផេ្សងៗ មានឱកាសបានតុបតែងខ្លួនអោយស្អាតបាត តាំងពីសំបុរស្បែក ធ្មេញ ក្រចក និង ការស្លៀកពាក់ ។ នេះជាចំណេះដឹងមួយផែ្នក ដែលនារីត្រូវតែដឹង ព្រោះជាការតុបតែងខ្លួន ការសំអាតខ្លួនអោយមានសោភ័ណភាពនេះជាសិល្ប:មួយ ។ បើគ្មានចំណេះដឹងផ្នែកនេះទេ ទោះជានាងស្លៀកពាក់ មានគ្រឿងអលង្ការ និងគ្រឿងសំអាងគ្រប់គ្រាន់ក៏ដោយ ក៏ពុំអាចទទួលការសរសើរពីគេបានដែរ ព្រោះការតុបតែងនោះ វាពុំសមរម្យដល់ភ្នែកអ្នកដទៃហើយវាអាចឈើ្លយអាចទទួលការរឹះគន់ពេបជ្រាយពីអ្នកដទៃថែមទៀតផង ។
ការបង្ខាំងនារីអោយនូវតែក្នុងម្លប់ លាបម្សៅលាបរមៀតសព្វខ្លួនប្រាណជាប្រចាំ ការអោយនារីហូបតែបាយបួសនេះគឺក្នុងបំណងធើ្វអោយសំបុរសែ្បកនារីរលើបរលោងដោយម្ហូបទាំងនេះមានជាតិបេ្រង ដែលធើ្វអោយស្បែកបាត់ភាពក្រៀមក្រោះ ។ ការបន្តឹងនារីអោយនៅក្នុងម្លប់ អោយស្លៀកពាក់អាវវែង សំពត់វែង ទោះជាធាតុអាកាសក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយនោះ ក៏ក្នុងបំណងធ្វើអោយសំបុរ ស្បែកល្អខ្ចីតែប៉ុណ្ណោះ ។ ការអោយហូបតែម្ហូបបួសការដែលមិនអោយនារីធើ្វការធ្ងន់ នៅពេលចូលម្លប់នេះ គឺធើ្វអោយសាច់នារីទន់ រក្សារាងល្វតល្វន់ទន់ភ្លន់របស់នាងបាន ។
ដូចនេះក្នុងផ្នែកខាងលើ គឺមានគោលបំណងបន្ទុំរូបសម្បត្តិ និងសោភ័ណភាពអោយក្លាយជានារីប្រកបដោយភាពល្អប្រណិតដូចកល្យាណី(លំអសក់ លំអបបូមាត់ លំអធេ្មញ លំអសំបុរ លំអវ័យ) តាមវ័យក្រមុំរបស់ខ្លួន ។
     គ. បំពេញចរិយាវិជា្ជមេផ្ទះ និងវិជា្ជជីវអោយកូនស្រី
នេះជាលក្ខណចំបង និងចាំបាច់បំផុត ដែលជាបំណងប្រាថា្នរបស់ឪពុកម្តាយ និងសង្គម ។ ពេលចូលម្លប់នេះជាឱកាសត្រៀមបំរុងអប់រំកូនស្រីខ្លួនអោយមានចរិយា សីលធម៌ វិជ្ជាមេផ្ទះ និងវិជ្ជាជីវផ្សេៗ ដើម្បីអោយក្លាយជានារីគ្រប់លក្ខណ៍ជាមេ អាចដឹកនាំអប់រំកូនចៅ ប្តីសី និងសង្គមទៅរកសុភមង្គល និងការអភិវន្ឍគ្រប់បែបយ៉ាងទៅអនាគត ។
     ១. អប់រំចរិយា
នៅពេលចូលម្លប់នេះ នារីបានឆ្លងកាត់វិញ្ញាសាលំបាកៗជាច្រើនដែលនាងមិនដែលធ្លាប់ជួបប្រទះ មុនពេលពេញវ័យ ។ នាងបានហាត់ពត់លត់ដំអត់ធ្មត់តស៊ូ ពុះពាររាល់ការលំបាកតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី ដើម្បីអនុវត្តអោយបានក្រិត្យក្រមទាំងឡាយ ដែលទំនៀមទំលាប់តំរូវអោយធើ្វដូចជា ការបង្ខាំងសេរីភាព មិនអោយនាងដើរចេញក្រៅផ្ទះ ហូបតែបួសដែលគួរអោយធុញទ្រាន់ និងខិតខំអនុវត្តត្រនមផ្សេងៗ ។ ទាំងនេះគឺជាលក្ខខ័ណ្ឌថ្មីបង្ខំអោយនាងគោរព ។ មុនពេលចូលម្លប់ នាងធា្លប់តែភ្លើតភ្លើន មានសេរីភាពក្នុងការដើរហើរ ហូបចុកគា្មនតមអ្វីទាំងអស់ ។ ពេលចូលម្លប់ ទំនៀមទំលាប់បានកាច់បំបាក់ ទាំងនេះគឺក្នុងបំណងអោយនាងរៀនផ្សុំាចិត្តគំនិត ដើម្បីរស់នៅអោយបានសុខសាន្តជាមួយគ្រួសារនៅពេលខាងមុខ ។ ប្រាកដណាស់ នាងនឹងឈានទៅជាប្រពន្ធជាម្តាយគេ ។ វាទាមទារអោយនាងខិតខំអប់រំចរិយាដើម្បីអោយប្តី បងប្អូនញាតិមិត្តស្រឡាញ់ និងចូលចិត្ត ។ ក្រៅពីការអប់រំផ្ទាល់ឪពុកម្តាយមានភារកិច្ច ខិតខំរកសៀវភៅអប់រំផ្សេងៗ ពិសេសច្បាប់ស្រី អោយកូនមើលក្នុងករណីកូនចេះអក្សរ ។ បើមិនចេះ ឪពុកឬបងប្រុសអានពន្យល់ណែនាំនាងអោយច្បាស់ ដើម្បីអោយអនុវត្តបានតាមច្បាប់នោះ តាំងពីឥរិយាបថ អាកប្បកិរិយា ចរិយាការទាក់ទងញាតិមិត្តជិតឆ្ងាយជាដើម ។
ក្នុងការអប់រំចរិយានេះ ម្តាយមានតួនាទីសំខាន់ណាស់ ព្រោះម្តាយជាអ្នករស់នៅផ្តាល់ ជាអ្នកថែរក្សាផ្ទាល់ និងអប់រំកូនស្រីផ្ទាល់ជាប្រចាំ ។ ម្តាយបានទទួលការទុកចិត្តស្និទ្ធស្នាលពីកូនជាងឪពុក ។ មិនត្រឹមតែអប់រំខាងចរិយាប៉ុណោ្ណះទេ មា្តយបានបង្ហាត់បង្រៀនវិជា្ជផ្សេងៗទៀតដូចជា ៖
      ២. វិជា្ជមេផ្ទះ
វិជា្ជមេផ្ទះបានបង្ហាត់បង្រៀននារីអោយចេះពីរបៀបរស់នៅក្នុងគ្រួសារ ពីអាកប្បកិរិយាដែលនារីខ្មែរប្រកាន់យក ពីរបៀបរៀបចំផ្ទះសំបែង ពីការសំអាតខ្លួន ពីការថែរក្សាកូន ពីការធើ្វម្ហូបអារហារ ពីការថែរក្សាទ្រព្យសម្បត្តិ ពីការទទួលភ្ញៀវ។ ពេលដែលមា្តយគា្ននការប៉ិនប្រសប់ ខាងមុខេវិជា្ជណាមួយនោះ ម្តាយត្រូវទៅពឹងពាក់អ្នកជិតខាងដែលមានសមត្ថភាព មកជួយបង្ហាត់បង្រៀនបន្ថែមទៀត ។ នេះជាការបំពេញលក្ខណ:អោយកូនស្រីមានសមត្ថភាពពេញលេញ នៅពេលដែលនាងទៅរស់នៅក្នុងសង្គមដាច់ចេញពីឪពុកមា្តយ ។
      ៣. ការអប់រំវិជា្ជជីវៈ
ការអប់រំវិជា្ជជីវនេះ ក៏ជាកិច្ចការសំខាន់មួយទៀត ដែលម្តាយត្រូវបង្ហាត់បង្ហាញកូនអោយចេះ ត្បាញរវៃ មានត្បាញក្រមា ហូល ផាមួងចរបាប់ ដេរប៉ាក់ជាដើម ។ វិជា្ជនេះអាចអោយនាងមានលទ្ធភាព រកធនធានចិញ្ចឹមជីវិតបានដោយស្រួល ។ ការពណ៌មកហើយនេះ គឺជាការបំពេញចរិយាសម្បត្តិ និងវិជ្ជាសម្បតិ្តអោយកូនស្រី ។ ពេលចេញម្លប់គេតែងតែធើ្វពិធីកោសធេ្មញបំពេញលក្ខណ៍អោយកូនស្រី ។ ពិធីនេះបានបញ្ចាំង អោយឃើញជានិមិត្តរូបនៃការអប់រំខាងចរិយានេះដែរ ។ ដើម្បីយល់ពីនិមិត្តរូបនេះ យើងគួរសង្កេតពីរឿងព្រេងដែលនិយាយពីការធើ្វធេ្មញ បំពេញលក្ខណ៍នេះ ។ រឿងបានដំណាលថា កាលនោះព្រះបាទអាទិត្យវង្សា ព្រះចៅក្រុងកម្ពុជាធិបតី ជាចៅទូតព្រះកេតុមាលា ។ ព្រះអង្គមានអគ្គមហេសីជានាគី ។ នាងនាគីមានគ៌ត ពេលប្រសូត្រចេញមកជាពងដូចសត្វ ។ ព្រះអាទិត្យវង្សា ទ្រង់តូចព្រះទ័យណាស់ ក៏ប្រើពេជ្ឃឃាតអោយយកពងនោះទៅកប់ចោល ។ ស្តេចក្រាញ់នៅសុខោទ័យ ពេលយកសួយសារអាករមកថ្វាយស្តេចក្រុងអង្គរ ក៏រើសពងនោះបាន ហើយក៏យកទៅថែរក្សា ថ្ងៃក្រោយមកពងនោះក៏ញាស់បានជាមនុស្ស ។ ពេលប្រសូត្របានជាពងនេះ នាងនាគីមានការខ្មាសអៀនយ៉ាងខ្លាំង នាងសូមលាព្រះសា្វមីត្រឡប់ទៅឋានភុជង្គនាគវិញ តែព្រះអាទិត្យវង្សាមិនព្រម ។ ព្រះអង្គតែងទៅរួមរក្សជាមួយនាងនាគីរាល់រាត្រី ដោយការខា្មសអៀនខ្លាំង ហើយនឹកចង់ទៅនគរផង ពេលរាត្រីមួយនោះ ពេលផ្ទុំលក់នាងប្រែក្លាយខ្លួនជានាគ ។ ពេលព្រះរាជាយាងទៅដល់ ឆៀងព្រះនេត្រមើលទែនក្រលាក៏ឃើញនាគពេនទ្រេលពេញលើគ្រែ ព្រះអង្គភ័យក៏រត់ចេញពីបន្ទាប់ទៅប៉ះព្រះភក្ត្រនឹងមេទ្វារបែកចេញឈាម ដួលនៅទីនោះ ។ ព្រះនាងដឹងខ្លួន ស្ទុះទៅត្រកងព្រះសា្វមី ហើយព្រះនាងដណ្តឹងសួរព្រះសា្វមីពីហេតុភេទនេះ ។ ដោយជួបបាតុភូតចំឡែកបែបនេះ ព្រះអង្គទ្រង់បញ្ជាអោយទៅហៅហោរាមកទស្សន៍ទាយ ។ ហោរាបានទាយថា ពេលព្រះនាង ផ្ទុំលក់ក្លាយជាពស់នាគនោះ មកពីនាងមមើមមាយភ្លឹកទៅកាន់ទីផ្សេងៗ ។ ដើម្បីបំបាត់បាតុភូតនេះត្រូវរៀបចំពិធីជញ្ជាត់ព្រលឹង កោសធេ្មញ តំរឹមធេ្មញ ដោយពួកអាលម្ពាយ [10] នោះប្រាកដជានាងបាត់គ្រោះ ផ្ទុំលែងមមើមមាយទៀតហើយ ។ ព្រះនាងបានយល់ព្រមអោយហ្មពស់ឆ្នៃតំរឹម បៀមឱសថអោយសាបពិស ហើយស្រោបមាសអោយវិញ ។ ឱសថដែលផ្សំដោយអាលម្ពាយនោះ មានសាច់ជូរ ល័ខខ្មែរ និងក្រូចសើច ។ ចាប់ពីពេលធើ្វពិធីនោះមក នាងនាគីរស់នៅយ៉ាងសុខសាន្តគ្មានបាតុភាពអី្វកើតឡើងទៀតទេ ។ ក្រោមកនាងមានគ៌ត ហើយប្រសូត្របានឱរសដូចមនុស្សធម្មតា ។
ឯកសារជីវតាក្វាន់ ក៏បានបញ្ជាក់ពីរឿងនេះដែរ ខ្ញុំលឺគេនិយាយថាទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបំរាមតឹងតែងពេកមិនអាចអនុញ្ញាតអោយចូលមើលបាន ។ ក្នុងបណា្តលរឿងប្លែកៗទាំងនេះ មានការណ៍មួយថានៅកណ្តាលប្រាសាទមានប្រាង្គមាសមួយ ហើយរាល់យប់ស្តេចតែងឡើងទៅផ្ទុំលើបា្រង្គមាសនោះ ។ អ្នកស្រុកគេមានជំនឿ ហើយនាំគ្នានិយាយថា នៅក្នុងប្រាសាទមាសនោះមានបិសាចមួយមានរូបជាពស់ក្បាល ៩ ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែង ដំណែងខ្លួនជាមនុស្សស្រីហើយស្តេចត្រូវផ្តេកផ្តិតជាមួយនាងនោះ សូម្បីតែមហេសី រឺស្នំជិតស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅទីនោះដែរ ។ លុះមជ្ឈិមយាម ទើបស្តេចចេញពីនាងពស់នោះមករួមរក្ស នឹងមហេសី រឺស្រីស្នំដទៃទៀតបាន ។រឿងទាំងពីរ បានបញ្ចាំងអោយឃើញការខិតខំភ្ជាប់រាជវង្សអង្គរទៅនឹងនាងនាគដែលជាបឋមក្សត្រ ខែ្មរ ។នេះបញ្ជាក់ប្រាប់ ពីការអោយតំលៃលើនាងនាគដែលយើងអាចសន្និដា្ឋនបានថា នៅសម័យអង្គរព្រលឹងមាតាធិបតេយ្យនៅតែមានឥទ្ធិពលនៅឡើយ ។
ក្រៅពីធើ្វធេ្មញអោយល្អ អោយស្អាតនោះ ពិធីធើ្វធេ្មញនេះក៏មានបង្កប់ អត្ថន័យដ៏ជា្រលជ្រៅមួយទៀត សំរាប់អប់រំចរិយានារីអោយមានប្រអប់មាត់ជិតល្អ ។ គេអោយបៀមឱសថបន្សាបពិស គឺចង់បំបាត់ពិសពុលទាំងឡាយដែលកើតចេញពីមាត់ ។ គេអោយបៀមសំបួរ ដើម្បីលាងសំអាតអ្វីៗដែលជាអពមង្គលចង្រៃចង្រកផ្សេងៗអោយសា្អត វៀចាកអោយផុតពាក្យសំដីណាដែលជាពិសពុល ដូចជានិយាយកុហក ពោលពាក្យ ចាក់ដោតញុះញង់ ពាក្យថោកទាបជេរប្រទេច និយាយដើមគេ និយាយផ្តេសផា្តស ឡេះឡោះឥតប្រយោជន៍ ។
ក្នុងន័យមួយទៀតការកោសធេ្មញនេះធើ្វអោនារីទទួលការឈឺចាប់មួយកំរិត ហើយថ្នាំដែលនាងបៀមនោះសុទ្ធតែល្វីងជូរចត់ទាំងអស់ ។ នេះជានិមិត្តរូបអប់រំនារី អោយចេះអត់ធ្មត់គ្រប់បែបយ៉ាងទើប តស៊ូក្នុងជីវិតបានព្រោះការរស់នៅក្នុងសង្គមវាតែងជួបភាពល្វីងជូរចត់ដូចថ្នាំបៀមនោះដែរ ។ អ្នកដែលទ្រាំទ្របាននឹងភាពល្វីងជូរចត់នេះ ទើបអាចរស់នៅក្នុងសង្គមបានសុខសាន្ត ។
     . ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈរូបសម្បត្តិ ចរិយា និងវិជ្ជា
ក្នុងពិធីចេញពីម្លប់ ជាឱកាសដ៏ប្រសើរដែលឪពុកម្តាយមានមោទនភាពបង្អួតភ្ញៀវ ញាតិមិត្ត ជិត ឆ្ងាយពីសម្រស់កូនស្រីរបស់ខ្លួនដែលនៅក្នុងម្លប់អស់រយៈពេល ៣ ខែ រឺ ៦ ខែ ពី អាកប្ប កិរិយា ចរិយា សណ្តាប់ធ្នាប់ដែលគាត់បានអប់រំនៅពេលចូលម្លប់នេះ។ គាត់បង្អួតប្រាប់ភ្ញៀវពីសា្នដៃកូនស្រី ដែល សំរេចបានដូចជា ហូល ផាមួង ចរបាប់ និងការដេប៉ាក់ផ្សេងៗរបស់កូន ។ សំរស់ចរិយា និងសមត្ថភាព របស់កូននេះ អាចទាញទឹកចិត្តភ្ញៀវ ញាតមិត្តជិតឆ្ងាយអោយកោត សរសើរ ស្រលាញ់ពេញចិត្តគ្រប់គ្នា ។ ត្រង់នេះ ជាកិត្តិយសដ៏ល្អប្រពៃសំរាប់គ្រួសារ និងកិតិ្តយសផ្ទាល់របស់នាង ។ ទំនៀមទំលាប់ចូលម្លប់នេះ គឺក្នុងគោលបំណងបំពេញលក្ខណៈអោយកូនស្រី ទាំងផ្នែករូបសម្បតិ្ត ទាំងផ្នែកចរិយាសម្បត្តិ និងវិជា្ជសម្បត្តិ ។ ក្នុងចំណោមសម្បត្តិទាំងនេះ សង្គមអោយតំលៃខាំ្លងលើផ្នែកចរិយាសម្បត្តិ ។ នារីដែលមានចរិយាល្អប្រពៃនោះ បានទទួលការអោយតំលៃពីសង្គម ជាងនារីដែលមានរូបល្អ តែខ្វះចរិយា ។ គេនិយមអោយតំលៃថា នារីដែលមានចរិយាល្អ និងសមត្ថភាពគ្រប់គ្រាន់ ជានារីគ្រប់លក្ខណ៍ ។ ការអោយតំលៃបែបនេះ គឺជាលក្ខណវិនិច្ឆ័យសំរាប់អប់រំលើកដំកើងនារីអោយក្លាយទៅជាមេ ជាអ្នកដឹកនាំគ្រួសារ និងសង្គម ។ អាស្រ័យហេតុនេះ បានជាបង្ខំនារីអោយគោរពក្រិត្យច្បាប់ដ៏តឹងរឹងបែបនេះ ។ ពិតមែនតែវិធីចូលម្លប់ ត្រូវរលត់រលាយទៅហើយក្តី ក៏ព្រលឹងនៃការអប់រំនារីនៅតែដើរតាមលំអាននេះដដែល ។ ដូចនេះ ព្រលឹងមាតាធិបតេយ្យមានអត្ថិភាពជានិច្ច គ្រប់កាលៈទេសៈក្នុងសង្គមជាតិខ្មែរ ។ គេនៅតែអោយតំលៃលើនារីថា ជាអ្នកដឹកនាំគ្រួសារ ថែរក្សាទ្រព្យសម្បត្តិ និងផ្សារសាមគ្គីភាព មិត្តភាពជាមួយអ្នកជិតខាង ។ នារីខ្វះលក្ខណចរិយា និងសមត្ថភាពពិតជាធើ្វអោយគ្រួសារអាប់អោនកិត្តិយស និងកិត្យានុភាពនៅក្នុងសង្គម ។
IV.    មូលហេតុនៃការបោះបង់ចោលពិធីចូលម្លប់
ជាក្រិត្យក្រមសង្គមខ្មែរតែងតែខិតខំរក្សាទុកនូវអ្វីដែលសមស្របតាមកាលៈទេសៈ និង ចំណង់ចំណូលចិត្តរបស់គេហើយដែលអាចនាំមកនូវសេចក្តីសុខចម្រើន រុងរឿងអ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅគេតែងតែកែលំអឬបោះបង់ចោលតែម្តង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើងដែលបានបាត់បង់ជាស្វ័យប្រវត្តិនាយុគសម័យយើងនេះក៏ព្រោះតែការចូលម្លប់នាំឲ្យ ៖
ខាតកម្លាំងពលកម្មក្នុងគ្រួសារនិងក្នុងសង្គម
រំខានអំពល់ទុក្ខដល់សមាជិកគ្រួសារទាំងមូល បម្រើសាមីខ្លួនចូលម្លប់
បំបាត់សិទ្ធិសេរីភាពរបស់កូនស្រី      
ខាតបង់ប្រាក់កាសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។

V.    ពិធីចេញម្លប់
​ពិធី​ចេញ​ម្លប់​នេះ​មាន​លក្ខណៈ​ពិធី​ច្រើនយ៉ាង​ណាស់​ខុសពី​ពិធី​ចូល​ម្លប់ ។ ប៉ុន្តែ​វត្ថុបំណង​គឺ​បំពេញ​លក្ខណ៍​គម្រប់​ឲ្យ​កូនស្រី ។ ឆ្លង​តាម​រយៈកាល​បញ្ចូល​ម្លប់​គ្រប់​តាម​កាល​កំណត់​ហើយ មាតា បិតា នៃ​កូនស្រី បាន​រើស​រក​ពេលវេលា​សម្រាប់​បញ្ចេញ​ម្លប់​កូនស្រី ។ ពេល​ដឹង​ថ្ងៃ​ជោគ​សិរី​មង្គល​ហើយ គ្រួសារ​ទាំងអស់​រវល់​ដើររក​ភស្តុភារ និង​អញ្ជើញ​ញាតិមិត្ត​ដូច​រៀប​មង្គលកា​រដែរ ។ កម្មវិធី​នៃ​ដំណើរការ​នេះ​មាន​រយៈពេល​២​ថ្ងៃ​មួយ​យប់ ។
. ថ្ងៃទី១
គឺថ្ងៃចូលពិធី គេត្រូវលេងភ្លេងកំដរតែគ្មានពិធីធំដុំទេ ។ នៅពេលយប់មានពិធីច្រើនយ៉ាង ៖
·        ពិធីកាត់ស្លឹក : យកមកខ្ចប់លក្ខណ៍អ្នកភ្លេង ២ រឺ ៣ នាក់ឡើងរាំដើម្បីកាត់​​ស្លឹក ។
·        ពិធីបុកលក្ខណ៍ : ដើម្បីយកលក្ខណ៍មកធ្វើធ្មេញ (ច្រៀងបទបុកលក្ខណ៍)
·        ពិធីថ្មេញបំពេញលក្ខណ៍ : ពិធីនេះប្រព្រឹត្តិឡើងដើម្បីអន្ទងខ្មោចខ្ញែរទាំង៤ ឲ្យមកសណ្ឋិតក្នុងរូបកាយនារី ក្នុងន័យឲ្យនារីក្លាយជាគ្រប់លក្ខណៈ ។ ដើម្បីរៀបចំពិធីនេះត្រូវមាន ៖
+ ភ្លេងមួយវង់ : ប្រគុំបទផាត់ជាយ បទជីកខ្ញែរ បទបញ្ចូលខ្មោចខ្ញែរ ។
+មេខ្ញែរ : នារីចាស់អ្នកជីកខ្ញែរបុរសចំណាស់
·        ពិធីបញ្ចូលខ្មោចដំរីសារ : ពិធីនេះប្រពឹត្តទៅវេលាជិតភ្លឺ ដើម្បីបន់ស្រន់ឲ្យដំរីសារជួយឲ្យពរសព្វសារធុការដល់កូនស្រី ។ ពេលនោះគេប្រគុំបទដំរីរឺ ដំរីយោលដៃដោយមានបុរសម្នាក់ដើរតួជាដំរីសារ ។ដំរីសារបានធ្វើកាយវិការបំផ្លាញរោងពិធី ពេលនោះឪពុកម្សាយនារីចូលម្លប់បានយកដង្វាយចេកទុំមួយគូរ នំអន្សម នំគមមួយគូរ ទៅបន់ស្រន់អង្វរករដំរីសារ ដំរីសារក៏យល់ព្រមហើយបានជូនពរដល់កូនស្រីឲ្យមានអាយុយឺនយូរសិរីសួស្ដីមានជោគវាសនាល្អទៅអនាគត ។
. ថ្ងៃទី២
·        ពិធីសែនព្រេនចងដៃ : នៅព្រឹកព្រហាមស្រាងៗថ្ងៃទី២ លោកអាចារ្យរៀបចំពិធីសែនព្រេនចងដៃកូនស្រី (ដូចក្នុងពិធីរៀបការដែរ) ។ គោលបំណងនៃពិធីនេះគឺ ប្រមូលបងប្អូនញាតិមិត្តមកជួយសែនព្រេនបន់ស្រន់ដល់ខ្មោច ញាតិមិត្តជីដូនជីតា អារក្សអ្នកតា ទេវតាឲ្យមកជួយឲ្យពរដល់កូនស្រី​​ឲ្យមានសិរិសួស្ដីជ័យមង្គលតរៀងទៅ ។
·        ពិធីស្រោចទឹក : ចប់ពិធីចងដៃនាព្រឹកថ្ងៃបង្ហើយ លោកអាចារ្យនិមន្តព្រះសង្ឃ៤អង្គឡើងគង់ល់បុស្បុកគ្រប់ជ្រុងទាំង៤ ដើម្បីរៀបចំពិធីស្រោចទឹកឲ្យកូនស្រី និងដើម្បីជូនពរសព្វសាធុការចំពោះកូនក្រមុំចូលម្លប់ (តំបន់ខ្លះគេយកទឹកទាំង៤ផ្ទិល ឲ្យកូនស្រីងូត)
·        ពីធីជប់លៀងភ្ញៀវ : បន្ទាប់ពិធីស្រោចទឹក ពិធីជប់លៀងភ្ញៀវក៏ចាប់ផ្ដើម (ដូចពិធីបង្គលការដែរ) ។ ពិធីនេះមានបំណងផ្ដល់កិត្តិយសដល់កូនស្រី និង ឪពុកម្ដាយ ព្រមទាំងដើម្បីជូនពរសព្វសាធុការចុងក្រោយដល់គ្រួសារអ្នករៀបចំពិធីដោយមានការចងដៃជាអនុស្សាវរីយ៍ រឺជាមាសប្រាក់កាសផង ។
v សន្និដ្ឋាន
o   គួរកត់សំគាល់ថា ពិធីចូលម្លប់មិនមែនសុទ្ធតែដូចគ្នាក្នុងទូទាំងប្រទេសទេ ។ការអនុវត្តមានការប្លែកៗគ្នាខ្លះទៅតាមតំបន់ និងតាមការនិយមរបស់មូលដ្ឋាននីមួយៗ ។ តែទោះបីមានការប្លែកៗខ្លះក្ដីក៏គោលបំណងមានតែមួយ គឺបំពេញលក្ខណៈជាកូនស្រីខ្មែរឲ្យគ្រប់លក្ខណ៍ស្របតាមការនិយមនៅសម័យនោះ ។
o   គួរកត់សំគាល់ថា នារីរូបណាដែរបានប្រារព្វពិធីចូលម្លប់នេះបានសព្វគ្រប់ តាមការរៀបចំខាងលើដល់ពេលរៀបអាពាហ៍ពិពាហ៍ នារីនោះមិនចាំបាច់រៀបចំសារឡើងវិញនោះទេ ។ ម្យ៉ាងទៀតចំពោះនារីបានចូលម្លប់ត្រឹមត្រូវហើយ បើមានករណីមានការភ្លាំងភ្លាត់ ខុសឆ្គងនឹងប្រពៃណីខ្លះៗ នាងនឡនឹងស្រូវបានការអនុគ្រោះពីឪពុកម្ដាយ ហើយមានសិទ្ធិទទួលមរតកដូចនារីធម្មតាដែរ។ ផ្ទុយទៅវិញ បើនារីនោះមិនបានចូលម្លប់ទេ ហើយមានការខុសឆ្គងនឹងប្រពៃណី នារីនោះនឹងត្រូវទទួលទណ្ឌកម្ម ត្រូវកាត់កាលមិនត្រូវទទយលបានមរតក ពិសេសត្រូវសង្គមបដិសេធន៍ចោល ។

No comments:

Post a Comment